បុណ្យវិសាខបូជា
បុណ្យវិសាខបូជា បានដល់ការបូជាដ៏សំខាន់ខាងព្រះពុទ្ធសាសនា បុណ្យវិសាខបូជាប្ររព្ភធ្វើនៅថ្ងៃ
ពេញបូណ៌មីខែវិសាខជារៀងរាល់ឆ្នាំដោយសំដៅយកហេតុ ៣ ប្រការគឺ
១. ព្រះសិទ្ធត្ថរាជកុមារទ្រង់ប្រសូតិៈ ថ្ងៃសុក្រ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំច មុនពុទ្ធសក្ករាជ៨០ឆ្នាំគត់ ព្រះនាងសិរីមហាមាយា, ក្នុងដំណើរយាងទៅកាន់ទេវទហៈនគរ នៅពាក់កណ្ដាលផ្លូវ, ចន្លោះរវាងនគរទាំងពីរគឺកបិលវត្ថុនិងេវទហៈ, ព្រះនាងទ្រង់បានប្រសូត្រព្រះរាជបុត្រទ្រង់ព្រះនាមថា សិទ្ធត្ថរាជកុមារ ក្នុងព្រៃលម្ពិនី ក្រោមដើមសាលព្រឹក្សមានម្លប់និងខ្យល់បក់រំភើយដ៏សែនត្រជាក់ ។
២. ព្រះសិទ្ធត្ថរាជកុមារទ្រង់បានត្រាស់ដឹងនូវ ព្រះអនុត្តរសម្មាសម្ពោធិញាណជាព្រះពុទ្ធដ៏ឆ្នើមក្នុងលោកៈ ក្រោយពីទ្រង់ចេញបំពេញមហាភិនេសង្ក្រម ធ្វើទុក្ករកិរិយាអស់រយះកាល ៦ព្រះវស្សា, ព្រះសម្មាសម្ពុទ្ធនៃ យើងទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោទ្ធិញ្ញាណជាព្រះសព្វញ្ញូពុទ្ធឯកសាស្ដាក្នុងលោក។ ព្រះអង្គទ្រង់ត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងេរញ្ជរា នាពេលមុនព្រះអរុណរះ ក្នុងថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរការ ត្រូវនឹងថ្ងៃទី ៨ ខែធ្នូ មុនព.ស. ៤៥ឆ្នាំ ក្នុងព្រះជន្មាយុ គម្រប់ ៣៥ ព្រះវស្សា ។
៣. ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វានៈ ព្រះដ៏មានព្រះភាគទ្រង់បិទព្រះនេត្រចុះសន្សឹមៗ ផែនដីក៏ចាប់ផ្ដើមកក្រើកញាប់ញ័រយ៉ាងខ្លាំង ទាំងផ្គរក៏លាន់គគ្រឹកគគ្រេង ព្រមជាមួយគ្នាឡើង ។ ផ្កាសាលព្រឹក្សនិងផ្កាមន្ទារវៈ ក៏បន្តជ្រុះរោយរាយមកបូជាព្រះអង្គដូចដំណក់ទឹកភ្លៀង និងព្រះភិក្ខុសង្ឃក៏ចាប់ផ្ដើមក្តុកក្ដួលស្រែកទួញយំឡើង ។ ភិក្ខុសង្ឃទាំងនោះក៏បានដឹងយ៉ាងច្បាស់ថា ព្រះសមណគោតមបរមគ្រូទ្រង់បរិនិព្វាន ក្នុងឋានបរមសុខឬឋានផុតទុក្ខហើយ ។
ព្រះពុទ្ធអង្គទ្រង់យាងចាកលោកយើងទៅ ក្នុងវេលារាត្រីពាក់កណ្ដាលអាធ្រាត្រ នាថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមរាំងទាំងគូរ ក្រុងកុសិណារា ក្នុងព្រះជន្មាយុ ៨០ឆ្នាំ ។
អត្ថន័យរបស់ពាក្យថា "វិសាខបូជា" បានសេចក្ដីថា ការបូជានូវថ្ងៃពេញបូណ៌មីខែវិសាខ ពាក្យថា វិសាខបូជា ក្លាយមកពី ពាក្យថា "វិសាខបុណ្ណមីបូជា " ប្រែថា "ការបូជាថ្ងៃពេញបូណ៌មីខែវិសាខ"
បុណ្យវិសាខបូជា ជាថ្ងៃសំខាន់យ៉ាងក្រៃលែងនៅក្នុងព្រះពុទ្ធសាសនា ព្រោះជាថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រ
សូតិ គឺការឧប្បត្តិឡើង ត្រាស់ដឹង គឺសេចក្ដីសម្រេច និងបរិនិព្វាន គឺសេចក្ដីរំលត់ទុក្ខទាំងពួង ទាំង៣ប្រការនេះ
បានប្រព្រឹត្តទៅក្នុងថ្ងៃជាមួយគ្នា ដូច្នេះគឺ។
- ថ្ងៃ ១៥កើតខែវិសាខ ឆ្នាំច មុនពុទ្ធសករាជ ៨០ ឆ្នាំ ព្រះអង្គទ្រង់ប្រសូតិនាព្រៃលម្ពិនីចន្លោះនគរទាំងពីរគឺ កបិលព័ស្ថ និង ទេវទហៈក្នុងរវាងព្រះនាងសិរីមហាមាយាទ្រង់យាងទៅកាន់ត្រកូលរបស់ខ្លួនដើម្បី ប្រសូតិបុត្រ
- ថ្ងៃ ១៥កើតខែវិសាខឆ្នាំ រកា មុនពុទ្ធសករាជ ៤៥ឆ្នាំ ក្រោយពេលដែលព្រះសិទ្ធត្ថកុមារបានទ្រង់ចេញបំពេញព្រះផ្នួស ធ្វើទុក្ករកិរិយាអស់រយះកាល ៦
ឆ្នាំហើយបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ ក្នុងព្រះជន្ម ៣៥ ព្រះវស្សា នាស្ទឹងនេរញ្ជរា ក្រុងរាជគ្រឹះ។
- ក្រោយពីបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណនិងទ្រង់ទេសនាប្រោសវេនេយ្យសត្វអស់ចំនួន ៤៥ ព្រះវស្សាហើយ ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់បានរំលត់ខន្ធចូលកាន់បរិនិព្វាន នៅថ្ងៃ១៥កើតខែវិសាខ ឆ្នាំម្សាញ់
ក្រោមដើមរាំងទាំងគូរនាក្រុងពារាណសី ដែនមល្លៈ ។
ហេតុការដ៏សំខាន់ទាំង ៣ ប្រការនេះចាត់ទុកថាជាមូលហេតុនៃការចាត់បុណ្យវិសាខបូជារបស់ពុទ្ធសាសនិកជនទាំ
ងឡាយទូទាំងពិភពលោកជាប់រហូតមកដល់បច្ចុប្បន្ននេះ ។
ហេតុការសំខាន់ ៣ ប្រការនេះបានកើតឡើងក្នុងរយៈពេលឆ្ងាយពីគ្នារាប់សិបឆ្នាំ ក៏ប៉ុន្តែ ជាចៃដន្យមួយត្រូវនឹងថ្ងៃជាមួយគ្នា បានន័យថា បុណ្យវិសាខបូជា បានរំលឹកនូវថ្ងៃសំខាន់ទាំង ៣
ព្រមគ្នាក្នុងព្រះពុទ្ធសាសនា។ ថ្ងៃនេះពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ
បានព្រមព្រៀងគ្នាធ្វើបុណ្យដើម្បីរំលឹកនូវថ្ងៃទាំង ៣ នេះនិងរំលឹកនូវព្រះករុណាធិគុណ ព្រះបញ្ញាធិគុណ និងព្រះវិសុទ្ធាធិគុណនៃព្រះសម្មាសម្ពុទ្ធនៃយើងដែលព្រះអង្គទ្រង់ព្រះមេត្តាចំពោះសព្វសត្វទាំងឡាយដោ
យមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬជាតិសាសន៍ណា ៗ ទាំងអស់ ។
បុណ្យវិសាខបូជានេះតាមការសន្និដ្ឋានថា មានការប្រារព្ភធ្វើមុនដំបូងបង្អស់តាំងពី សម័យប្រមាណ ពុទ្ធសករាជ ៤២០ ដោយព្រះបាទភាតិកុរាជ ប្រទេសស្រីលង្កា ។ព្រះអង្គបានប្រារព្ភពិធីបុណ្យយ៉ាងមហោឡារិក
អធិកអធម ដើម្បីថ្វាយជាព្រះពុទ្ធបូជា ហើយព្រះរាជាសម័យក្រោយ ៗ
ក៏បានប្រារព្ភធ្វើតាមតរៀងមករហូតដល់បច្ចុប្បន្ន។
ខ្មែរយើងសម័យបូរាណក៏បានប្រារព្ភធ្វើបុណ្យវិសាខបូជានេះដែរ គឺលុះដល់ថ្ងៃពេញបូណ៌មីខែវិសាខព្រះសង្ឃ
ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ក្មេងចាស់ក៏បាននាំគ្នាទៅវត្តវេរភត្តប្រគេនព្រះសង្ឃ សមាទានរ័ក្សាសីល ។
ល្ងាចឡើងក៏សូត្រមន្តចម្រើនព្រះបរិត្ត សូត្របទវិសាខបូជាលំនាំសរភញ្ញទល់ភ្លឺ ខ្លះក៏នៅវត្តពេញមួយថ្ងៃមួយយប់
ដើម្បីបំពេញកុសលកម្មផ្សេង ៗ ។
បុណ្យវិសាខបូជានាសម័យបច្ចប្បន្ន មិនត្រឹមតែជាបុណ្យសម្រាប់ពុទ្ធសាសនិកជនទៅតាមភូមិស្រុកឬក្នុងប្រទេស របស់ខ្លួនតែប៉ុណ្ណោះទៀតទេ
ប៉ុន្តែបុណ្យវិសាខបូជាបានអង្គការសហប្រជាជាតិលើកដំកើងឲ្យទៅជាថ្ងៃសំខាន់ សម្រាប់ពិភពលោកឲ្យឈ្មោះថា
"ថ្ងៃវិសាខបូជាជាថ្ងៃសំខាន់សកលរបស់ពិភពលោក" ឬ រហស្សនាមមួយទៀតថា "ពុទ្ធសាសនា
គឺជាសាសនានៃសន្តិភាពលោក" ។ ដោយសេចក្ដីប្រកាសក្នុងទីប្រជុំធំនៃសមជ្ជអង្កការសហប្រជាជាតិលើកទី ៥៤ កាលពីថ្ងៃទី១៣ ធ្នូ ព.ស. ២៥៤២ កន្លងមក។
ដូច្នេះ យើងជា ពុទ្ធសាសនិកជនទូទាំងពិភពលោកគួរតែ យកចិត្តទុកដាក់ជួយជ្រោមជ្រែងគ្នាក្នុងការជួយស្ដារនិងលើកដំកើងព្រះពុទ្ធសាសនារបស់យើងឲ្យមានភាពរីកចម្រើនតរៀងទៅ។ ដោយឡែកគឺ ពុទ្ធសាសនិកជនខ្មែរទាំងចតុទិសគួរតែប្រារព្ភធ្វើបុណ្យវិសាខបូជាឲ្យមាន ភាពឱឡារិកដូចកាលពីសម័យបូរាណ ព្រោះថា នេះជាឱកាសដ៏ល្អសម្រាប់ពុទ្ធសាសនាយើងហើយ។
ជាពិសេស ខ្មែរយើងគួរតែគិតថា "ពុទ្ធសាសនា គឺជា ដួងព្រលឹង ដួងជីវិត របស់ជាតិយើង" កាលបើ ពុទ្ធសាសនាសាប់សូន្យ ខ្មែរយើងក៏ដូចជាសូន្យទៅផងដែរ ព្រោះថា ពុទ្ធសាសនាមិនមែនត្រឹមតែជាសាសនា ប៉ុណ្ណោះទេ តែគឺជា ខឿនវប្បធម៌ប្រពែណី ទំនៀមទម្លាប់ របស់យើង។ បើសិនជាទាំងអស់នេះ
ត្រូវរលាយរលត់ទៅ ក៏ប្រៀបដូចជា ខ្មែរយើងត្រូវបាត់ទៅដែរ ។
សរសេរដោយ: ភិក្ខុ សញ្ជាតវិរិយោ វ៉ាំងថឿង